គេរាយការណ៍ថា តារាស្រីភាពយន្តសម្រាប់មនុស្សពេញវ័យ (ភាពយន្តកូនជ្រូក) ដ៏ល្បីល្បាញរបស់ជប៉ុន គឺនាង Hana Kuraki ដែលមានអាយុត្រឹមតែ ២៥ ឆ្នាំ បានធ្វើអត្តឃាត។ សាកសពរបស់នាងត្រូវបានគេប្រទះឃើញកាលពីថ្ងៃសៅរ៍ នៅក្នុងអាផាតមិនមួយកន្លែងក្នុងតំបន់ Kabukicho នៃទីក្រុងតូក្យូ ដែលជាតំបន់ល្បីល្បាញខាងជីវភាពរស់នៅពេលរាត្រី និងជាតំបន់ដែលមានសេវាកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យ។

យោងតាម Tokyo Reporter មិត្តភក្តិម្នាក់របស់ Kuraki បានប្រទះឃើញនាងនៅក្នុងអាផាតមិនមួយ ដែលជាកម្មសិទ្ធិរបស់ម្ចាស់បារមួយកន្លែងក្នុងតំបន់ Kabukicho។

ម្ចាស់បារម្នាក់ឈ្មោះ Sakito ក្រោយមកបានបង្ហោះសារយ៉ាងលម្អិតនៅលើបណ្ដាញសង្គមអំពីការស្លាប់របស់តារាសម្តែងរូបនេះ។ គាត់បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់នាង Kuraki ព្រមទាំងបានបដិសេធព័ត៌មានមុនៗដែលថា គាត់គឺជាអ្នកប្រទះឃើញសាកសពរបស់នាង។

យោងតាមលោក Sakito មិត្តភក្តិរបស់នាង Kuraki គឺជាអ្នកប្រទះឃើញសាកសពរបស់នាង ហើយបន្ទាប់មកបានទាក់ទងទៅម្ចាស់អាផាតមិន។ លោក Sakito បានទៅកាន់កន្លែងកើតហេតុដើម្បីជួយដោះស្រាយស្ថានការណ៍ និងនិយាយជាមួយមន្ត្រីប៉ូលិសទីក្រុងតូក្យូ។
Sakito ក៏បាននិយាយដែរថា ពីមុនមក Kuraki ធ្លាប់បានចែករំលែកជាមួយគាត់អំពីបញ្ហានៅក្នុងទំនាក់ទំនងរបស់នាង។ ទន្ទឹមនឹងនេះ គាត់បានអំពាវនាវកុំឱ្យមានការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬការស្មានផ្សេងៗជុំវិញកាលៈទេសៈនៃការស្លាប់របស់នាង។

«ខ្ញុំសង្ឃឹមថា ព័ត៌មានមិនពិត ឬការស្មានផ្សេងៗនឹងមិនបង្កគ្រោះថ្នាក់បន្ថែមទៀតដល់អ្នកដែលបានទទួលមរណភាព ឬមនុស្សនៅជុំវិញខ្លួនគាត់ឡើយ» គាត់បាននិយាយ។
«ខ្ញុំក៏សង្ឃឹមដែរថា នឹងមានពិភពលោកមួយដែលមនុស្សមិនប្រើអំពើហិង្សាដើម្បីគ្រប់គ្រងអ្នកដទៃ ឬបង្ខំពួកគេឱ្យធ្លាក់ចូលក្នុងស្ថានភាពអស់សង្ឃឹមបែបនេះ» Sakito បានបន្ថែម។

Hana Kuraki បានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងឧស្សាហកម្មភាពយន្តសម្រាប់មនុស្សពេញវ័យនៅឆ្នាំ ២០២៤។ ក្រោយមក នាងទទួលបានការចាប់អារម្មណ៍ និងមានឈ្មោះល្បីល្បាញគួរសមនៅក្នុងប្រទេសជប៉ុន ហើយត្រូវបានគ្រោងនឹងចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យនៅតៃវ៉ាន់នៅចុងឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ នៅខែមិថុនា Kuraki បានប្រកាសដោយមិនបានគ្រោងទុកជាមុនថា នាងនឹងផ្អាកអាជីពរបស់នាងជាបណ្តោះអាសន្ន។ នាងបានបញ្ជាក់ថា នាងបានរងរបួសត្រង់ផ្ទៃមុខ និងថ្គាមដោយសារគ្រោះថ្នាក់ចរាចរណ៍។

ប៉ូលិសកំពុងស៊ើបអង្កេតលើកាលៈទេសៈជុំវិញការស្លាប់របស់តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះ។ អ្នកដែលស្និទ្ធនឹង Kuraki បានអំពាវនាវដល់សាធារណជនកុំឱ្យផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់អំពីហេតុការណ៍ដ៏សោកសៅនេះ។
ប្រភព៖ News.am STYLE
ប្រែសម្រួល៖ ស្លាបប៉ាកកាមាស
