សម្លេងក៏ពិរោះរន្តំ រូបឆោមក៏ស្រស់សោភា តារាចម្រៀងជ័យ សេរីរ័ត្ន ធ្លាប់តែជាតារាចម្រៀងឯករាជ្យ ពេលនេះបានឈានជើងចូលក្នុងផលិតកម្មថ្មីមួយឈ្មោះថា LTNG Media ។


បទដំបូងរបស់កញ្ញា ជ័យ សេរីរ័ត្ន ក្នុងផលិតកម្ម LTNG Media មានចំណងជើងថា ធ្វើបុណ្យប្រាំពីរវត្ត ដែលមានអត្ថន័យអប់រំដល់ប្រជាជនខ្មែរ អំពីការធ្វើបុណ្យក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ឱ្យធ្វើបុណ្យយ៉ាងតិច ប្រាំពីរវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិកាទាំងប្រាំពីរសណ្ដាន្តដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្នុងនោះផងដែរ យើងក៏បានស្តាប់ឮនូវទំនុកច្រៀងដែលច្រៀងថា មុនពេលធ្វើបុណ្យនៅវត្តកុំភ្លេចព្រះអរហន្ត ដែលជាព្រះរស់ក្នុងផ្ទះ(ម្តាយ ឪពុក) ផងដែរ។

ដូច្នេះសរបញ្ជាក់បានថា មុនពេលធ្វើបុណ្យនៅវត្ត កុំភ្លេចធ្វើបុណ្យជាមួយម្តាយឪពុកមុន ព្រោះម្តាយឪពុកជាអ្នកមានគុណធំធេង ធំជាងអ្វីៗទាំងអស់។
បើក្រឡេកទៅមើលក្រេឌីត អ្នកផលិតវិញ យើងឃើញថាជាការនិពន្ធទំនុកច្រៀង និង ដឹកនាំសម្ដែងដោយ លោក យន ប៊ុនរាជ (DR. Fun) ដែលគ្រប់គ្នាស្គាល់ថាជាអ្នកនិពន្ធភាពយន្តកំប្លែង និង ភាពយន្តភាគ ដែលទទួលបានការគាំទ្រខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសគឺរឿង តាមចាប់ស្នេហ៍ ដែលសម្ដែងដោយ លោកជំទាវឧកញ៉ាទ្រី ដាណា ជាមួយ និងលោក សេង មង្គម រួមជាមួយតារាជួរមុខជាច្រើនរូបទៀត។


ប៉ុន្តែចាប់តាំងពីផលិតរឿង តាមចាប់ស្នេហ៍ ចប់ព្រមទាំងមានភាពមិនប្រក្រតីមួយចំនួនដោយ ចាងហ្វាងផលិតកម្ម មិនបើកលុយឱ្យអ្នកនិពន្ធរូបនេះគ្រប់ចំនួនមក លោកក៏បានស្ងប់ស្ងាត់មួយរយៈមិនបានបញ្ចេញស្នាដៃអ្វីទៀតឡើយ ទើបតែមួយរយៈក្រោយនេះ យើងសង្កេតឃើញលោក យន ប៊ុនរាជ ធ្វើការដឹកនាំសម្ដែងច្រើន ក្នុងផលិតកម្ម LTNG Media និងនិពន្ធទំនុកច្រៀងទីមួយ គឺបទ ធ្វើបុណ្យប្រាំពីរវត្ត នេះផងដែរ។

ដើម្បីឱ្យដឹងកាន់តែច្បាស់ថា ទំនុកច្រៀងដែលនិពន្ធដោយលោក យន ប៊ុនរាជ បាននិពន្ធបូកផ្សំមួយការនិពន្ធបទភ្លេងរបស់អ្នកនិពន្ធឆ្នើមក្នុងប្រទេសកម្ពុជា លោក ដា ភ្លេង និង សម្លេងដ៏ពិរោះរបស់កញ្ញា ជ័យ សេរីរ័ត្ន ពិរោះរន្ដំ យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស
