យោងតាមការបង្ហោះរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media កាលពីថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០២៦ ស្តីពីក្រុមឧក្រិដ្ឋជន ប្រើប្រាស់មេរោគ Spark RAT លួចយកទិន្នន័យ និងពាក្យសម្ងាត់របស់ជនរងគ្រោះពីចម្ងាយ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលបង្ហោះដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media
សូមប្រុងប្រយ័ត្ន! មេរោគ Spark RAT
ថ្មីៗនេះក្រុមការងារបច្ចេកទេសបានស្រាវជ្រាវរកឃើញសកម្មភាពវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនដោយប្រើប្រាស់មេរោគ Spark RAT ដែលជាមេរោគបញ្ជាពីចម្ងាយ (Remote Access Trojan) អនុញ្ញាតឱ្យឧក្រិដ្ឋជនលួចគ្រប់គ្រងឧបករណ៍ លួចយកទិន្នន័យ និងពាក្យសម្ងាត់របស់ជនរងគ្រោះពីចម្ងាយ។ មេរោគនេះត្រូវបានប្រើប្រាស់វាយប្រហារមកលើគោលដៅដែលស្ថិតនៅក្នុងប្រទេសកម្ពុជាដូចជាបុគ្គល និងរូបវន្តបុគ្គលដែលបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័នឯកជន និងសាធារណៈ តាមរយៈការប្រើប្រាស់ Phishing Email ដោយមានភ្ជាប់ជាមួយឯកសារដែលមានទម្រង់ដូចឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលរួមមាន ឯកសារសុខាភិបាល អចលនទ្រព្យ និងឯកសារជូនដំណឹងផ្សេងៗ។


ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកវិធានការការពារអ៊ីម៉ែល របស់លោកអ្នកដូចខាងក្រោម៖
១. សូមត្រួតពិនិត្យ និងដំឡើងកម្រិតសុវត្ថិភាពគណនី អ៊ីម៉ែលលោកអ្នកដោយ កំណត់លេខកូដច្រើនខ្ទង់ និងបើកមុខងារ 2FA
២. សូមត្រួតពិនិត្យប្រភពអ៊ីម៉ែលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ទាញយកឯកសារ (files) មកប្រើប្រាស់ ដើម្បីចៀសវាងមេរោគឆ្លងចូលលួចទិន្នន័យ
៣. សូមរៀបចំវិធានការបម្រុងទុកទិន្នន័យ (Data Backup)
៤.ប្រសិនបើអ្នកបានទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ សូមផ្ដាច់អ៊ីនធឺណិតភ្លាមៗ កុំបើកដំណើរការ (Execute/Run) ឯកសារនោះ ហើយធ្វើការលុបចេញពីឧបករណ៍របស់អ្នក។ ជាជំហានបន្ទាប់ សូមស្វែងរកជំនួយបន្ថែមពីអ្នកជំនាញបច្ចេកទេស។

ប្រភពនិងអត្ថបទ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media
